សម្ដេច ហ៊ុន ម៉ាណែត អបអរលោក Anutin ដែលក្លាយជានាយករដ្ឋមន្ត្រីថៃ និងប្រាប់ថា កំពុងរងចាំធ្វើការជាមួយគ្នា ដើម្បីស្ដារទំនាក់ទំនង និងធ្វើឱ្យព្រំដែនមានសន្តិភាព

Photo 2025 09 07 16 09 53

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អបអរសាទរចំពោះលោក Anutin Charnvirakul ដែលក្លាយជានាយករដ្ឋមន្ត្រីទី៣២ នៃព្រះរាជាណាចក្រថៃ និងមានជំនឿថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងសមត្ថភាពរបស់លោក Anutin ព្រះរាជាណាចក្រថៃ នឹងសម្រេចបាននូវវឌ្ឍនភាពកាន់តែច្រើន។ សម្ដេច ហ៊ុន ម៉ាណែត បានប្រាប់ទៅកាន់នាយករដ្ឋមន្ត្រីថ្មីរបស់ថៃថា សម្ដេច កំពុងរង់ចាំធ្វើការជាមួយគ្នា ដើម្បីស្ដារទំនាក់ទំនងនៃប្រទេសទាំងពីរឲ្យមានភាពប្រក្រតី នឹងធ្វើឲ្យព្រំដែននៃប្រទេសទាំងពីរមានសន្តិភាពឡើងវិញ។

តាមរយៈលិខិតអបអរសាទរចុះថ្ងៃទី ០៧ ខែកញ្ញា នេះ សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជាបានប្រាប់ទៅកាន់ លោក Anutin នាយករដ្ឋមន្ត្រីថៃថ្មីថា ទាំងកម្ពុជា និងថៃ គឺជាប្រទេសជិតខាងគ្នាដោយភូមិសាស្ត្រ និងសមាជិកអាស៊ាន។ សន្តិភាព ការរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនា និងវិបុលភាពរួមគ្នារវាងប្រទេសទាំងពីរ គឺជាសេចក្តីប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ។ អាស្រ័យហេតុនេះ សម្ដេច ហ៊ុន ម៉ាណែត សង្ឃឹមយ៉ាងមុតមាំថា ជាមួយនឹងការប្តេជ្ញាចិត្តរួមគ្នារវាងសម្ដេច និងនាយករដ្ឋមន្ត្រីថៃថ្មីក្នុងការកសាងទំនាក់ទំនងស្និទ្ធស្នាល និងកិច្ចសហប្រតិបត្តិការល្អ ប្រជាជនកម្ពុជា-ថៃ នឹងទទួលបាននូវភាពរុងរឿង និងរីកចម្រើនប្រកបដោយសុខដុមរមនា និងសប្បាយរីករាយ។

ជាមួយនឹងស្មារតីនេះ សម្ដេច ហ៊ុន ម៉ាណែត អះអាងថា សម្ដេចទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក Anutin Charnvirakul ដើម្បីស្តារទំនាក់ទំនងរវាងកម្ពុជា និងថៃឱ្យមានភាពប្រក្រតីឡើងវិញ កសាងទំនុកចិត្តគ្នាទៅវិញទៅមក និងប្រែក្លាយព្រំដែនរួមគ្នារវាងព្រះរាជាណាចក្រទាំងពីរឱ្យទៅជាសន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍន៍ និងវិបុលភាពរួមគ្នា។