អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា!

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ កម្លាំងការិយាល័យជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន ០៤នាក់ (ជនជាតិចិន០២នាក់) ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីលួច២ករណីផ្សេងគ្នា បន្ទាប់ពីត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ ក្នុងនោះរួមមាន៖

ករណីទី១៖ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ អាវុធហត្ថរាជធានីភ្នំពេញ នៅវេលាម៉ោង ០២និង៣០នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋប្តឹងថាមានករណីលួចកាត់ខ្សែភ្លើង បង្កឡើងដោយក្រុមជនសង្ស័យមេក្រុមបានធ្វើសកម្មភាពកាត់ខ្សែភ្លើងរបស់ប្រជាពលរដ្ឋនៅចំណុច KTV មហាតាន់ ស្ថិតនៅផ្លូវ សប៊ិត ភូមិ14 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្រោយពេលទទួលព័ត៌មាន កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌចំការមន បានចុះទៅដល់កន្លែងកើតហេតុសហការជាមួយប្រជាពលរដ្ឋធ្វើការឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន ០២នាក់ ភ្លាមៗ រួមមាន៖ 1/ឈ្មោះ HU XING BING ភេទប្រុស ជនជាតិចិន, 2/ឈ្មោះ SIANG XIA DAN ភេទប្រុស ជនជាតិចិន ព្រមទាំងចាប់យកវត្ថុតាមមួយចំនួនទៀត បញ្ជូនទៅអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

ករណីទី២ ៖ កាលពីវេលាម៉ោង ០៨និង០០នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ មានមេការស្ថានីយ៍ឥន្ធនៈបានប្តឹងទៅលើបុគ្គលិកដឹកហ្គាសដាក់ឲ្យអតិថិជនបានធ្វើការលួច (ហ្គាស) នៅចំណុច ស្ថានីយ៍ប្រេងឥន្ធនៈ យីហោ លឹម ឡុង ផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ក្រោយពេលទទួលបានបណ្តឹង កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ បានចុះទៅដល់កន្លែងកើតហេតុសហការជាមួយមេការស្ថានីយ៍ឥន្ធនៈខាងលើធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ សូ សៀងហន់ ភេទប្រុស អាយុ៣៤ឆ្នាំ។ បន្ទាប់មក កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ បានបន្តទៅឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ឆាយ លីហេង ភេទប្រុស អាយុ២០ឆ្នាំ នៅចំណុច ផ្លូវបេតុង ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលជាប់ពាក់ព័ន្ធប្រព្រឹត្តអំពើទទួលផល ចោរកម្ម ដោយបានទទួលទិញហ្គាសពីជនសង្ស័យ សូ សៀងហន់ បញ្ជូនទៅអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

Photo 2026 10 28 16 27 19 1024x682 Photo 2026 10 28 16 27 20 1024x682 Photo 2026 10 28 16 27 22 1024x682 Photo 2026 10 28 16 27 23 1024x682 Photo 2026 10 28 16 27 24 1024x682 Photo 2026 10 28 16 27 25 1024x682