ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញលើកកម្ពស់វិស័យអាទិភាព៩ ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០

ខេត្តកំពត៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានអំពាវនាវដល់ក្រុមការងាររាជរដ្ឋាភិបាល មន្ត្រីជំនាញ អាជ្ញាធរ និងភាគីពាក់ព័ន្ធទាំងអស់ បន្តយកចិត្តទុកដាក់ និងលើកកម្ពស់វិស័យអាទិភាពចំនួន៩ ដើម្បីរួមចំណែកសម្រេចគោលដៅអភិវឌ្ឍន៍ប្រទេស និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ឱ្យក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់។
ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ដែលបានប្រព្រឹត្តទៅនៅសាលសន្និសីទខេត្តកំពត នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា វិស័យអាទិភាពទាំង៩ ដែលត្រូវបន្តពង្រឹងរួមមាន វិស័យអប់រំ សុខាភិបាល សាធារណៈការ ឧស្សាហកម្ម ធនធានទឹក សន្តិសុខ និងសណ្តាប់ធ្នាប់ ទេសចរណ៍ ការងារដែនដី និងមូលនិធិជាតិជំនួយសង្គម។ វិស័យទាំងនេះមានតួនាទីសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាសាធារណៈ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងឆ្លើយតបតាមផែនការអភិវឌ្ឍរយៈពេលវែងរបស់រាជរដ្ឋាភិបាល។
ឯកឧត្តម សាយ សំអាល់ បានបន្ថែមថា ក្នុងក្របខណ្ឌយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃអាណត្តិទី៧របស់រាជរដ្ឋាភិបាល គ្រប់ស្ថាប័នពាក់ព័ន្ធត្រូវបន្តពង្រឹងគុណភាពការងារ បង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងកំណត់ទិសដៅការងារឱ្យបានច្បាស់លាស់ ដើម្បីធានាការអនុវត្តយុទ្ធសាស្ត្រនេះឱ្យទទួលបានជោគជ័យ។
ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានរាយការណ៍ថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតាមបណ្តាឃុំ-សង្កាត់ និងក្រុង-ស្រុក បានរៀបចំវេទិកាសាធារណៈសរុបចំនួន ៤២៦លើក ដោយទទួលបានបញ្ហាប្រឈម និងសំណូមពរពីប្រជាពលរដ្ឋចំនួន ៧៩២ករណី។
ក្នុងចំណោមសំណូមពរទាំងនោះ មាន ៥៣៤ករណី ត្រូវបានដោះស្រាយភ្លាមៗនៅក្នុងវេទិកា, ១១៧ករណី ត្រូវបានដោះស្រាយនៅថ្នាក់ឃុំ ស្រុក និងខេត្ត, ២៦១ករណី កំពុងស្ថិតក្នុងដំណើរការដោះស្រាយ, ៣១ករណី មិនទាន់បានដោះស្រាយ និង ៦ករណី ត្រូវបានបញ្ជូនស្នើសុំដោះស្រាយនៅថ្នាក់ជាតិ។ ជាមួយគ្នានេះ ក្រុមការងារក៏បានសម្របសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅទូទាំងខេត្តបានចំនួន ១៤៣ករណី ផងដែរ។
លទ្ធផលការងារទាំងនេះ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍនៅតាមមូលដ្ឋាន ស្របតាមគោលនយោបាយ និងចក្ខុវិស័យអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។
190893 768x512 1 Fn 2026 07 05 07 37 16 498 1024x683 Fn 2026 07 05 07 37 12 103 1024x683 Fn 2026 07 05 07 37 10 443 1024x682 Fn 2026 07 05 07 37 10 852 1024x682 Fn 2026 07 05 07 37 09 541 1024x682 Fn 2026 07 05 07 37 11 275 1024x682 Fn 2026 07 05 07 37 11 697 1024x682 Fn 2026 07 05 07 37 12 914 1024x682 Fn 2026 07 05 07 37 13 386 1024x682 Fn 2026 07 05 07 37 13 812 1024x682 Fn 2026 07 05 07 37 14 257 1024x682 Fn 2026 07 05 07 37 14 685 1024x682 Fn 2026 07 05 07 37 15 128 1024x682 Fn 2026 07 05 07 37 15 560 1024x682 Fn 2026 07 05 07 37 12 518 1024x682 Fn 2026 07 05 07 37 15 982 1024x682