ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានណែនាំដល់អាជ្ញាធរក្រុងសំពៅពូន ព្រមទាំងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ! ត្រូវការពារតាមបណ្តាក្រុមហ៊ុន/កាស៊ីណូ ដែលបានបិទសៀល ពាក់ព័ន្ធ និងករណីបទល្មើស : ( Scam Online )ឱ្យបានល្អ !!!

ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់អាជ្ញាធរក្រុងសំពៅពូន ព្រមទាំងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំយកចិត្តទុកដាក់ក្នុងការការពារតាមបណ្តាក្រុមហ៊ុន/កាស៊ីណូ ដែលបានបិទសៀល ពាក់ព័ន្ធនិងករណីបទល្មើស Scam Online ឱ្យបានល្អប្រសើរ ហាមមិនឱ្យអ្នកដែលគ្មានភារកិច្ចចូល និងថែរក្សាវត្ថុតាង សម្ភារៈនានាកុំឱ្យបាត់បង់ ដើម្បីទុកចាត់ចែងទៅតាមនីតិវិធីច្បាប់បន្តទៀត។

ការណែនាំនេះធ្វើឡើង ក្នុងឱកាសដែល ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញដឹកនាំក្រុមការងារ កងកម្លាំងមានសមត្ថកិច្ច មន្ទីរអង្គភាព និងស្ថាប័នពាក់ព័ន្ធ ចុះពិនិត្យទីតាំងនៅតាមបណ្តាក្រុមហ៊ុន/កាស៊ីណូ ដែលបានបិទសៀល ពាក់ព័ន្ធនិងករណីបទល្មើស Online Scams ចំនួន ១១ទីតាំង ស្ថិតនៅក្រុងសំពៅពូន ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។

នាឱកាសចុះពិនិត្យនេះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការជួលអគារ ផ្ទះ កន្លែងស្នាក់នៅផ្សេងៗពីសំណាក់ជនបរទេស ជាពិសេសត្រូវពិនិត្យឯកសារនានា ធ្វើកិច្ចសន្យាឱ្យបានត្រឹមត្រូវមុនពេលជួលឱ្យ ជៀសវាងមានការជាប់ពាក់ព័ន្ធ និងបទល្មើស Scam Online និងត្រូវសង្កេតចាប់អារម្មណ៍ចំពោះអ្នកស្នាក់នៅជាក្រុម មានភ្ជាប់ Internet ទំហំធំៗ គួរឱ្យសង្ស័យ សូមបងប្អូនប្រជាពលរដ្ឋចូលរួមសហការផ្ដល់ព័ត៌មានមកកាន់សមត្ថកិច្ចជាបន្ទាន់ ដើម្បីមានវិធានការចុះត្រួតពិនិត្យ និងបង្ក្រាបបានទាន់ពេលវេលា ។

សូមជម្រាបថា : ការបោកប្រាស់តាមប្រព័ន្ធInternet (Scam Online) បាននឹងកំពុងរីករាលដាលយ៉ាងខ្លាំង និងបានគំរាមកំហែងដល់បណ្តាប្រទេសនានាលើសកលលោកលោក មិនមែនមានតែនៅក្នុងប្រទេសកម្ពុជាមួយប៉ុណ្ណោះទេ។ Scam Online គឺជាការក្លែងបន្លំតាមសេវាInternet ដែលប្រើប្រាស់ល្បិចបោកបញ្ឆោត បន្លំលួចយកប្រាក់ លួចយកព័ត៌មានផ្ទាល់ខ្លួន ឬធនធានសំខាន់ផ្សេងៗ របស់យើងទាំងឡាយ។ សរុបមកបញ្ហា Online Scam អាចបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ប្រទេសមួយ ទាំងលើវិស័យសេដ្ឋកិច្ច សង្គម និងកេរ្តិ៍ឈ្មោះអន្តរជាតិ។

បើតាមប្រសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាបញ្ហាតំបន់ និងសកលដែលមានលក្ខណៈស្មុគស្មាញ និងប្រទាក់ក្រឡាគ្នា ហើយកម្ពុជាជាអ្នករងគ្រោះ និងត្រូវខូចឈ្មោះលើឆាកអន្តរជាតិ។ ដូច្នេះយុទ្ធនាការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬScam Online មិនមែនជាសកម្មភាពដែលធ្វើឱ្យល្អមើល ឬធ្វើត្រឹមពិធីបុណ្យចូលឆ្នាំខ្មែរ ដូចមតិមួយចំនួនបានលើកឡើងនោះឡើយ ប៉ុន្តែនេះគឺជាឆន្ទៈពិតប្រាកដរបស់រាជរដ្ឋាភិបាលក្នុងការបោសសម្អាតផ្ទះរបស់ខ្លួនឱ្យបានស្អាត ពីព្រោះបញ្ហានេះបានប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ និងសេដ្ឋកិច្ចសង្គមកម្ពុជា។ រាជរដ្ឋាភិបាល មានឆន្ទៈប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះយ៉ាងម៉ឺងម៉ាត់ ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត!!! ៕

11photo 2026 03 17 15 59 42 1024x682 Photo 2026 03 20 18 00 32 1024x683 Photo 2026 03 20 18 00 35 1024x683 Photo 2026 03 20 18 00 38 1024x683 Photo 2026 03 20 18 00 41 1024x683 Photo 2026 03 20 18 00 44 1024x683