នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ អ្នកឧកញ៉ា សំ អាង និងអ្នកឧកញ៉ា ឈុន លាង ព្រមទាំងបុត្រា បុត្រី និងក្រុមគ្រួសារ បានអញ្ជើញប្រារព្ធពិធីបុណ្យគម្រប់ខួប ៣ឆ្នាំ ឧទ្ទិសកុសលជូនចំពោះ មហាសទ្ធាភិរ័ក្ខញ្ញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ កាំង ហ៊ីឡាយ ដោយបាននិមន្តព្រះសង្ឃសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រប្រគេនទេយ្យទាន ដើម្បីឧទ្ទិសបុណ្យកុសលតាមប្រពៃណីព្រះពុទ្ធសាសនា ក្នុងបរិយាកាសប្រកបដោយសេចក្តីគោរព សទ្ធា និងរំលឹកគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់លោក។
ក្នុងឱកាសនោះ ក្រុមគ្រួសារអ្នកឧកញ៉ាទាំងពីរ ក៏បានរៀបចំកម្មវិធីសប្បុរសធម៌ ផ្តល់អំណោយជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សា និងវិទ្យាល័យ វឌ្ឍនៈឈូកលាភ សរុបចំនួន ២,២៨៧នាក់។
ក្នុងនោះរួមមាន៖
- វិទ្យាល័យ វឌ្ឍនៈឈូកលាភ សរុប ៩៣៦នាក់ រួមមាន លោកគ្រូ អ្នកគ្រូ ៤០នាក់, អ្នកមើលការខុសត្រូវ ១នាក់ និងសិស្សានុសិស្ស ៨៩៥នាក់។
- សាលាបឋមសិក្សា វឌ្ឍនៈឈូកលាភ សរុប ១,៣៥១នាក់ រួមមាន លោកគ្រូ អ្នកគ្រូ ២៨នាក់ (ស្រី ២២នាក់), អ្នកមើលការខុសត្រូវ ១នាក់ (ស្រី ១នាក់), សិស្សប្រុស ៥៦៥នាក់, សិស្សស្រី ៦៣៦នាក់, សិស្សមត្តេយ្យប្រុស ៦២នាក់ និងសិស្សមត្តេយ្យស្រី ៥៩នាក់។
សកម្មភាពសប្បុរសធម៌នេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់អ្នកឧកញ៉ា សំ អាង អ្នកឧកញ៉ា ឈុន លាង និងក្រុមគ្រួសារ ចំពោះការលើកកម្ពស់វិស័យអប់រំ ក៏ដូចជាការចែករំលែកក្តីស្រឡាញ់ និងការលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ស្របពេលនៃការរំឭកគុណ និងឧទ្ទិសបុណ្យកុសលជូនដល់ មហាសទ្ធាភិរ័ក្ខញ្ញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ កាំង ហ៊ីឡាយ។
ពិធីនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ឱឡារិក ប្រកបដោយសទ្ធាជ្រះថ្លា សាមគ្គីភាព និងសប្បុរសធម៌ ដោយបានបន្សល់ទុកនូវគំរូដ៏ល្អនៃការរួមចំណែកអភិវឌ្ឍវិស័យអប់រំ និងការបន្តវប្បធម៌ចែករំលែកក្នុងសង្គមកម្ពុជា។

