KNN Group បញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្ត JETOUR តម្លៃវិនិយោគ ២៨ លានដុល្លារ គ្រោងដំណើរការនៅដើមឆ្នាំ២០២៧
នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ក្រុមហ៊ុន KNN Group បានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្ត JETOUR ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា (CDC) ដែលបានសម្តែងនូវការអបអរសាទរចំពោះការសម្រេចចិត្តវិនិយោគដ៏សំខាន់នេះ ដោយចាត់ទុកថា ជាការវិនិយោគដែលនឹងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ ការបង្កើតការងារ និងការអភិវឌ្ឍវិស័យឧស្សាហកម្មរថយន្តនៅកម្ពុជា។
ពិធីនេះក៏មានការចូលរួមពី អ្នកឧកញ៉ា ជាម ឃុនណាត ប្រធានក្រុមប្រឹក្សាភិបាល KNN Group និងលោកជំទាវ ព្រមទាំងគណៈគ្រប់គ្រងជាន់ខ្ពស់ បុគ្គលិក ដៃគូអាជីវកម្ម អ្នកសារព័ត៌មាន និងភ្ញៀវកិត្តិយសជាច្រើនរូប។
បើតាមក្រុមហ៊ុន KNN Group គម្រោងសាងសង់រោងចក្រដំឡើងរថយន្ត JETOUR មានទុនវិនិយោគសរុប ២៨ លានដុល្លារអាមេរិក លើផ្ទៃដី ១០ ហិកតា ហើយរំពឹងថានឹងចាប់ផ្តើមដំណើរការខ្សែសង្វាក់ផលិតកម្មនៅដើមឆ្នាំ២០២៧។
រោងចក្រនេះត្រូវបានបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយ ដែលមានសមត្ថភាពផលិត និងដំឡើងរថយន្តបានជាង ២០,០០០ គ្រឿងក្នុងមួយឆ្នាំ។ ជាពិសេស រោងចក្រអាចផ្គុំដំឡើងរថយន្តបានច្រើនប្រភេទ រួមមាន រថយន្តប្រើម៉ាស៊ីនចំហេះក្នុង (សាំង) រថយន្តអគ្គិសនីលាយសាំង (PHEV) និងរថយន្តអគ្គិសនីសុទ្ធ (EV) ដើម្បីឆ្លើយតបតម្រូវការទីផ្សារក្នុងស្រុក និងត្រៀមពង្រីកការនាំចេញទៅកាន់ទីផ្សារអាស៊ាននាពេលអនាគត។
ការវិនិយោគលើគម្រោងនេះ ត្រូវបានចាត់ទុកថាជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងវិស័យឧស្សាហកម្មផលិតកម្មរថយន្តនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញវិនិយោគ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។
photo 2026 07 26 19 54 19 photo 2026 07 26 19 54 19 (2) photo 2026 07 26 19 54 19 (3) photo 2026 07 26 19 54 19 (4) photo 2026 07 26 19 54 19 (5) photo 2026 07 26 19 54 19 (6) photo 2026 07 26 19 54 20 photo 2026 07 26 19 54 19 (7)