ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យស្ថានភាពតាមព្រំដែនកម្ពុជា-ថៃ នៅប៉ោយប៉ែត ក្រោយបទឈប់បាញ់ចូលជាធរមាន

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយប្រធានបេសកកម្ម AOT-KH មកពីសាធារណរដ្ឋហ្វីលីពីន ចុះពិនិត្យ សង្កេតការណ៍ និងផ្ទៀងផ្ទាត់ស្ថានភាពជាក់ស្តែងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

ការចុះពិនិត្យនេះធ្វើឡើងនៅវេលាម៉ោង ៩:២០នាទីព្រឹក នៅចំណុចច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយបទឈប់បាញ់បានចូលជាធរមាន។

ក្នុងអំឡុងការចុះពិនិត្យ ក្រុមអ្នកសង្កេតការណ៍អាស៊ានបានចុះសង្កេតការណ៍នៅតាមទីតាំងជាក់ស្តែង ដើម្បីប្រមូលព័ត៌មាន ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពនៅតំបន់ដែលរងផលប៉ះពាល់។

តាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ទីតាំងដែលក្រុមអ្នកសង្កេតការណ៍ចុះពិនិត្យ គឺជាតំបន់ដែលប្រជាពលរដ្ឋស៊ីវិលប្រើប្រាស់សម្រាប់ប្រកបអាជីវកម្មប្រចាំថ្ងៃ និងបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យប្រជាពលរដ្ឋមិនទាន់អាចស្តារអាជីវកម្ម និងការប្រកបរបរចិញ្ចឹមជីវិតឡើងវិញបាននៅឡើយ។

សេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា ទីតាំងនេះស្ថិតនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានចម្ងាយប្រមាណ ៨.២គីឡូម៉ែត្រ ពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា។ តាមការអះអាងរបស់ភាគីកម្ពុជា ទីតាំងនេះបានរងការវាយប្រហារតាមរយៈការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង F-16 របស់កងកម្លាំងយោធាថៃ កាលពីខែធ្នូ ឆ្នាំ២០២៥។

ក្រសួងការពារជាតិកម្ពុជាបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងតួនាទី និងអាណត្តិរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ក្នុងការចុះពិនិត្យដោយផ្ទាល់នៅទីតាំងជាក់ស្តែង ដើម្បីផ្ទៀងផ្ទាត់ និងតាមដានការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព។

ការចុះពិនិត្យនេះត្រូវបានភាគីកម្ពុជាលើកឡើងថា ស្របតាមខ្លឹមសារនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ក្នុងគោលបំណងលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការកសាងការជឿទុកចិត្តគ្នាទៅវិញទៅមក។

ក្រសួងការពារជាតិបានបញ្ជាក់ថា កម្ពុជានៅតែបន្តផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន និងចាត់ទុកការចុះពិនិត្យផ្ទាល់នៅទីតាំងជាក់ស្តែងថា ជាយន្តការសំខាន់ក្នុងការផ្ទៀងផ្ទាត់ស្ថានភាព និងរួមចំណែកដល់ការធានាការអនុវត្តបទឈប់បាញ់ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។

Photo 2026 08 20 13 38 50 2 1024x768 Photo 2026 08 20 13 38 50 1024x873 Photo 2026 08 20 13 38 51 1024x682 Photo 2026 08 20 13 38 52 1024x682 Photo 2026 08 20 13 38 53 2 1024x768 Photo 2026 08 20 13 38 53 3 1024x767 Photo 2026 08 20 13 38 53 1024x768