ក្រសួងសង្គមកិច្ច៖ ការបោះបង់ទារក និងកុមារ ជាអំពើអមនុស្សធម៌ និងផ្ទុយនឹងច្បាប់

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបង្ហាញការព្រួយបារម្ភចំពោះករណីឪពុកម្តាយ ឬអ្នកអាណាព្យាបាលមួយចំនួនតូច បានបោះបង់ទារក ឬកុមារ នៅតាមមន្ទីរពេទ្យ និងទីសាធារណៈ ដែលករណីមួយចំនួនត្រូវបានចែកផ្សាយជាបន្តបន្ទាប់នៅលើបណ្តាញសង្គម។

ក្រសួងបានចាត់ទុកការបោះបង់ទារក ឬកុមារថា ជាអំពើអមនុស្សធម៌ ឃោរឃៅ និងព្រៃផ្សៃ ដែលផ្ទុយនឹងច្បាប់ សេចក្តីថ្លៃថ្នូររបស់មនុស្ស វប្បធម៌ និងក្រមសីលធម៌សង្គម ព្រមទាំងផ្ទុយនឹងគោលនយោបាយកិច្ចការពារកុមារ និងអនុសញ្ញាស្តីពីសិទ្ធិកុមារ ព្រមទាំងលិខិតូបករណ៍អន្តរជាតិពាក់ព័ន្ធផ្សេងទៀត។

ក្រសួងបានអំពាវនាវដល់ឪពុកម្តាយ អ្នកអាណាព្យាបាល និងគ្រប់ភាគីពាក់ព័ន្ធ ឱ្យយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាព សុខុមាលភាព និងសិទ្ធិរបស់កុមារ ដោយមិនត្រូវបោះបង់ ឬទុកកុមារចោលក្នុងស្ថានភាពដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងសុខភាពរបស់ពួកគេឡើយ។

ក្រសួងក៏បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ និងសាធារណជនចូលរួមការពារ និងរាយការណ៍ករណីពាក់ព័ន្ធ ដើម្បីធានាថា កុមារគ្រប់រូបទទួលបានការការពារ ការថែទាំ និងការគោរពសិទ្ធិ ស្របតាមច្បាប់ និងគោលការណ៍កិច្ចការពារកុមារ។

Photo 2026 08 20 16 04 12 Photo 2026 08 20 16 04 15 722x1024 Photo 2026 08 20 16 04 19 719x1024